គ្រូធំវៀតណាម មិនសប្បាយចិត្តរឿងមួយ ទោះឈ្នះប្រកួតស៊ីហ្គេមើលឥណ្ឌូណេស៊ី ៣-០ ក្ដី

គ្រូបង្គោលក្រុមជម្រើសជាតិវៀតណាមលោក Park Hang So និយាយថា នៅមានចំណុចខ្វះខាត ក្នុងការលេងសម្រាប់ក្រុមលោកដើម្បីបំពេញ ទោះបីជាទទួលបានជ័យជម្នះលើឥណ្ឌូណេស៊ី ៣-០ ក្នុងការប្រកួតបើកឆាកនៅស៊ីហ្គេមក៏ដោយ។

លោក Park បាននិយាយថា៖ “ការប្រកួតបើកឆាកតែងតែពិបាក ប៉ុន្ដែកីឡាករវៀតណាមបានប្រឹងប្រែងអស់លទ្ធភាព ហើយវាបានសងមកវិញនៅលទ្ធផលដ៏គាប់ប្រសើរ។ មានការប្រកួតជាច្រើននៅពេលខាងមុខ ហើយយើងនឹងព្យាយាមទទួលបានលទ្ធផលល្អបំផុត”។

គ្រូបង្គោលសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានបន្ដថា៖ “បន្ទាប់ពីលេង៦០នាទី ខ្ញុំសំគាល់ឃើញថា កីឡាករឥណ្ឌូណេស៊ីចាប់ផ្ដើមហត់នឿយ។ ខ្ញុំប្រាប់កីឡាកររបស់ខ្ញុំអំឡុងពេលសម្រាកថា ពួកគេត្រូវតែបន្ដដាក់សម្ពាធលើគូប្រកួត។ ខ្ញុំក៏បានធ្វើការកែប្រែមួយចំនួនដែរ ហើយវៀតណាមទទួលបានជោគជ័យ”។

បើទោះបីជាទទួលបានលទ្ធផលល្អហើយក៏ដោយ ប៉ុន្ដែលោក Park លើកឡើងនូវចំណុចមួយដែលធ្វើឱ្យលោកមិនសប្បាយចិត្ត។ លោកបានបន្ថែមថា៖ “ក្នុងចំណោមកីឡាករនៅក្នុងការប្រកួតនេះ មានកីឡាករមួយចំនួនមានបទពិសោធច្រើន។ ខ្ញុំនៅតែមើលឃើញកីឡាករម្នាក់ៗ បង្កកំហុស។ យើងត្រូវតែពង្រឹងបន្ថែមនូវចំណុចនេះ”៕

ប្រភព៖ VN Express