គ្រូធំវេលស៍ ជឿថា Bale អាចនឹងផ្ទេរទៅចូលរួមក្លិបមួយនេះ នៅពេលត្រូវដើរចេញពី R.Madrid

បើយោងតាមអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិវេលស៍ លោក Robert Page បានបង្ហាញថា ការផ្ទេររបស់ខ្សែប្រយុទ្ធ Gareth Bale ទៅកាន់ក្លិបនៅអង់គ្លេសមួយនេះ អាចជារឿងដ៏សមហេតុផល នៅពេលត្រូវដើរចេញពីក្រុម Real Madrid ។

Robert Page

ជាការពិតណាស់ Bale នឹងត្រូវចាកចេញពីក្លិប Real Madrid នៅពេលដែលកុងត្រារបស់គេត្រូវផុតកំណត់ នៅដំណាច់រដូវកាលនេះ ហើយដូចដែលត្រូវបានរាយការណ៍ពីប្រភបជាច្រើន បានបង្ហាញថាមានក្លិបជាច្រើន កំពុងបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះ ។

Gareth Bale

យ៉ាងណាក៏ដោយ កីឡាករវ័យ ៣២ ឆ្នាំ នឹងរង់ចាំរហូតដល់ក្រុមជម្រើសជាតិវេលស៍ ទទួលបានកៅអីលេងនៅពានរង្វាន់ World Cup សិន មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ។

គួរឱ្យដឹងថា ក្លិប Tottenham រួមទាំងក្រុមនៅក្របខ័ណ្ឌ Major League Soccer ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយ Bale ស្របពេលក្លិបអង់គ្លេស Cardiff ក៏អាចជាជម្រើសមួយផងដែរ ។

Gareth Bale

ប៉ុន្តែ Bale អាចនឹង​ត្រូវ​កាត់​ប្រាក់​ខែ​យ៉ាង​ច្រើន ​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម Championship ស្របពេលកិច្ចសន្យាជាមួយ Madrid ត្រូវបានគេដឹងថា Bale អាចទទួលបាន ៦សែនផោនក្នុងមួយសប្តាហ៍ ដែលនេះគឺជាច្រើនជាងប្រាក់ឈ្នួលដែលក្រុម Cardiff ចាយវាយសម្រាប់ប្រាក់ឈ្នួលកីឡាករក្នុងក្រុមទាំងមូលទៅទៀត ។

តែទោះជាយ៉ាងណាក៏ដោយ Bale បានកើត និងធំធាត់ នៅទីក្រុង Cardiff ស្របពេលគ្រួសាររបស់គេ នៅតែរស់នៅទីនោះ ហើយបើតាមលោក Robert Page ជឿថាវានឹងជារឿងសមហេតុផលមួយ សម្រាប់ខ្សែប្រយុទ្ធប្រយុទ្ធរូបនេះ ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប Cardiff នៅរដូវកាលក្រោយ ៕

ប្រភព: BBC