Robinson ប្រាប់ពីកីឡាករដែល គួរចាប់ដៃគូជាមួយ Van Dijk លេងទល់ Real Madrid យប់នេះ

ការ​ប្រកួត UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង Liverpool និង Real Madrid នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសៅរ៍​នេះ​ហើយ ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ស្រប​ពេល​ក្រុម​ទាំងពីរ បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ចូលរួម​ការប្រកួត​នេះ។

ក្រុមហង្សក្រហម​ដែលសម្បូរទៅដោយកីឡាករល្អៗ​រាប់ចាប់​តាំងពី​អ្នកចាំទី​ដល់ខ្សែប្រយុទ្ធ អាចធ្វើឱ្យ​អ្នកចាត់ការ Jurgen Klopp មាន​ការពិបាក ក្នុងការសម្រេចចិត្ត​ថាតើ​កីឡាករ​រូបណា នឹងត្រូវលេងក្នុងជម្រើស១១នាក់ដំបូង។

ខ្សែការពារឆ្នើម Virgil van Dijk អាចត្រូវបានរំពឹងខ្ពស់ថា នឹងលេងក្នុងជម្រើសដំបូង ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UCL រាត្រីនេះ ប៉ុន្ដែមិនទាន់ប្រាកដទេថា តើកីឡាកររូបណា នឹងលេងជាដៃគូរបស់គេ។

ហើយអតីតអ្នកចាំទីអង់គ្លេស Paul Robinson បង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា Joel Matip គួរតែអង្គុយបម្រុង ខណៈកីឡាករចំណូលថ្មី Ibrahima Konate គួរតែលេងតំបន់ការពារកណ្ដាលជាមួយកីឡាករឆ្នើមហូឡង់។

លោក Robinson បានថ្លែងប្រាប់ Football Insider ថា៖ “ទាំង Matip និង Konate លេងមិនសូវបានល្អទេទល់នឹង Wolves កាលពីចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្ដែនរណាដែលលេងជាមួយ Van Dijk នឹងមានភាពប្រសើរឡើង។ គេជាកីឡាករលំដាប់ពិភពលោក និងជាអ្នកដឹកនាំ។ ពួកគេអាចជ្រើសយក Matip ឬ Konate”។

“ខ្ញុំគិតថាលោក Jurgen Klopp នឹងជ្រើសយក Konate។ ពួកគេមានទំនាក់ទំនងល្អជាមួយគ្នា។ ពួកគេធ្វើការជាមួយគ្នាបានល្អ នៅក្នុង Champions League រដូវកាលនេះ”៕

ប្រភព៖ Goal