Real Madrid នឹងបង្វែរការផ្ទេរកីឡាករអាល្លឺម៉ង់មួយរូប បើ Asensio ចាកចេញ

ខ្សែប្រយុទ្ធម្នាក់របស់ Bayern Munich កំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លិប Real Madrid ក្នុងករណីដែល Marco Asensio ចាកចេញពីក្លិប។ ខ្សែប្រយុទ្ធស្លាបស្ដាំ Gerge Gnabry កំពុងប្រឈមនឹងការប្រជែងឱកាសលេងក្នុងជម្រើសដំបូង ក្រោយការមកដល់របស់ Sadio Mane។

ទោះបីជាទើបប្រកាសពីការមកដល់របស់ Antonio Rudiger និង Aurelian Tchouameni ប៉ុន្ដែក្លិបអធិរាជស មិនទាន់បិទការផ្ទេរចូលកីឡាករបន្ថែម ក្នុងទីផ្សារដោះដូររដូវក្ដៅនេះឡើយ ប៉ុន្ដែការងារជាអាទិភាពរបស់ពួកគេ គឺត្រូវលក់កីឡាករ។

ម្នាក់ក្នុងចំណោមកីឡាករដែលអាចនឹងចាកចេញគឺ Marco Asensio។ កីឡាករជម្រើសជាតិអេស្ប៉ាញ ដែលទើបផ្លាស់ប្ដូរភ្នាក់ងារ កំពុងរង់ចាំទទួលសំណើបន្ដកុងត្រាថ្មីពី Real Madrid ប៉ុន្ដែមិនមានការឆ្លើយតបណាមួយពីភាគីក្លិបនៅឡើយ។

នៅក្នុងករណីដែល Asensio ចាកចេញ ក្លិបយក្សអេស្ប៉ាញ ចង់ស៊ីញ៉េកុងត្រាខ្សែប្រយុទ្ធ Gnabry នេះបើយោងតាមប្រភពពីសារព័ត៌មាន Sport។ កីឡាករអាល្លឺម៉ង់រូបនេះ បាននិយាយកាលពីខែមុនថា មិនមានការបន្ដកុងត្រាថ្មីរវាងគេ ជាមួយ Bayern នោះទេ។

ហើយស្ថានភាពបច្ចុប្បន្នរបស់គេនៅក្នុងក្រុមជើងឯក Bundesliga កាន់តែលំបាក ក្រោយការមកដល់របស់ Sadio Mane ដែលផ្ទេរពី Liverpool កាលពីថ្មីៗនេះ៕

ប្រភព៖ Be Soccer