Newcastle ឈានដល់ការព្រមព្រៀងផ្ទេរកីឡាករមួយរូប ពីក្លិបជើងឯក Ligue 1 ឆ្នាំ២០២១

ក្លិប Newcastle United បានព្រមព្រៀងជាមួយក្លិប បារាំង Lille ក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែការពារវ័យក្មេង Sven Botman បន្ទាប់ពីខកឱកាសនាំយកកីឡាកររូបនេះ នៅក្នុងទីផ្សារដោះដូរកាលពីខែមករា។

សម្រាប់ការនាំយក កីឡាករវ័យ២២ឆ្នាំរូបនេះ ក្លិបសារិកាព្រៃ ត្រូវបានរាយការណ៍ថា ចំណាយអស់៣០លានផោន ដែលជាការទិញខ្សែការពារថែមម្នាក់ទៀត បន្ទាប់ពីបាននាំយក Kieran Trippier ពី Atletico Madrid និង Dan Burn ពី Brighton កាលពីខែមករា។

Botman បានចូលរួម Lille កាលពីចុងខែកក្កដា ឆ្នាំ២០២០ ជាមួយកុងត្រាយរៈពេល៥ឆ្នាំ ហើយគេបានរួមចំណែកឱ្យក្រុមនេះ ឈ្នះជើងឯក Ligue 1 និង French Super Cup ក្នុងឆ្នាំ២០២១។

ខ្សែការពារស្លាបឆ្វេង Matt Targett ក៏បានមកចូលរួមក្លិបនេះផងដែរ ក្រោមកិច្ចសន្យាខ្ចីជើងពីក្លិប Aston Villa ដោយការចូលរួមនេះ ត្រូវបាន Newcastle ទិញផ្ដាច់កុងត្រានៅរដូវក្ដៅនេះ។

អ្នកចាំទី Nick Pope ក៏ទើបបានផ្ទេរមក Newcastle ពីក្លិប Burnley ផងដែរ កាលពីដើមសប្ដាហ៍។

សូមបញ្ជាក់ថា ម្ចាស់ក្លិបសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត បានចូលកាន់កាប់ក្លិប Newcastle ក្នុងខែតុលា ឆ្នាំ២០២១ ដែលធ្វើឱ្យពួកគេក្លាយជាក្លិបមានបំផុតមួយនៅលើលោក៕

ប្រភព៖ BBC