Real Madrid គ្រោង​ញាត់​ឈ្មោះ​កីឡាករ​រូប​នេះ បូក​ប្រាក់​មួយ​ចំនួន ប្តូរ​យក Jude Bellingham

ខ្សែ​បម្រើ​ឆ្នើម​របស់​ជម្រើស​ជាតិ​អង់គ្លេស គឺ Jude Bellingham កំពុង​ទទួល​បាន​ការ​សាទរ ទាំង​ការ​លេង​ឲ្យ​ក្លឹប​អាជីព​ Borussia Dortmund និង​ជម្រើស​ជាតិ​នៅ World Cup ហើយ​ពេល​បន្ទាប់ ក៏​ជឿ​ថា ប្រហែល​នឹង​ត្រូវ​បាន​ក្លឹប​ថ្មី​ណា​មួយ នាំ​យក​នៅ​តម្លៃ​កល់​ផង​ដែរ។

Bellingham

បើ​តាម​របាយការណ៍​ពី El Nacional ចុះ​ផ្សាយ​ថា ក្លឹប​អធិរាជ​ស Real Madrid ក៏​ស្ថិត​ក្នុង​គោលជំហរ​ចង់​ប្រជែង Bellingham ជាមួយ​បណ្តា​ក្លឹប​ដទៃ មាន Manchester United និង Liverpool ជា​ដើម តែ​យ៉ាង​ណា​កត្តា​តម្លៃ​ខ្លួន របស់​កីឡាករ ប្រហែល​អាច​ជា​បញ្ហា ព្រោះ​ខាង​ក្លឹប​អាណាព្យាបាល​ដាក់​មក​ខ្ពស់​ពេក។

Dortmund ទារ ១៥០ លាន​អឺរ៉ូ​ឯ​ណោះ ម្ល៉េះ​ការ​ចាយ​លុយ​សុទ្ធ ប្រហែល​មិន​ជា​រឿង​ងាយ​ឡើយ កុំ​ថា​ឡើយ​ Real Madrid ក៏​ដោយ។ ម្ល៉េះ​ហើយ​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ក៏​បាន​ចេញ​ផែនការណ៍​ថ្មី នោះ​គឺ​ប្រើ​ប្រាក់​មួយ​ផ្នែក ហើយ​ញាត់​ឈ្មោះ Eduardo Camavinga ទៅ​ក្នុង​ការ​ដោះដូរ​នោះ។

Bellingham
Camavinga

យុវជន​វ័យ ២០ ឆ្នាំ​របស់​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti ក៏​កំពុង​ធ្វើ​បាន​ល្អ​ផង​ដែរ តែ​បើ​ចាំ​បាច់​ត្រូវ​ចង់​បាន Bellingham ហើយ អ៊ីចឹង​មាន​តែ​ត្រូវ​ហ៊ាន​លះបង់។ ហាងឆេង​តម្លៃ​ខ្លួន Camavinga អាច​ទទួល​បាន ៥០ ទៅ ៧០ លាន​អឺរ៉ូ អ៊ីចឹង​ក្លឹប Real Madrid នឹង​ត្រូវ​ចាយ​លុយ​សុទ្ធ​ក្រោម ១០០ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

ប្រភព៖ El Nacional