ក្លឹប​ធំ ៣ នៅ​អង់គ្លេស ចាប់​អារម្មណ៍​កីឡាករ​ភ្លាត់​ស្នៀត​របស់​ព័រទុយហ្គាល់​ថ្ងៃ​មុន

ទន្ទឹម​ការ​ប្រកួត FIFA World Cup កំពុង​ដំណើរការ នោះ​ក៏​ជា​ពេលវេលា​របស់​ក្លឹប​ធំៗ​នៅ​អឺរ៉ុប ឆ្លៀត​ពេល​សម្លឹង​មើល​គុណភាព​កីឡាករ​ក្លឹប​ដទៃ ដើម្បី​សិក្សា​មើល​តើ​គួរ​យក​នរណា​មក​ចូលរួម នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ឆ្នាំ ២០២៣ ខាង​មុខ។

Ten Hag/Potter

ងាក​ទៅ​ក្លឹប ៣ នៅ​អង់គ្លេស មាន Chelsea, Manchester United និង Newcastle United កំពុង​ដាក់​អារម្មណ៍​លើ​គោលដៅ​តែ​មួយ ជា​អ្នកចាំទី​ជម្រើស​ជាតិ​ព័រទុយហ្គាល់​គឺ Diogo Costa។ នេះ​បើ​តាម​របាយការណ៍​ពី Relevo បាន​ចុះ​ផ្សាយ។

កីឡាករ​របស់​ក្លឹប FC Porto ការ​លេង​នៅ​ក្លឹប​ធ្វើ​បាន​ល្អ តែ​យ៉ាង​ណា​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ជុំ​ដំបូង​វគ្គ​ចែក​ពូល​ថ្ងៃ​មុន រាង​ភ្លាត់​បន្តិច។ នៅ​ចុង​ម៉ោង​ប៊ិះ​តែ​នឹង​ធ្វើ​ឲ្យ​ហ្គាណា​អាច​ស្មើ​គ្រាប់​បាល់ ក្រោយ​មិន​បាន​ដឹង​ថា​មាន​កីឡាករ​គូ​ប្រជែង​នៅ​ពី​ក្រោយ ហើយ​ទម្លាក់​បាល់​ប្រុង​ទាត់​ធ្វើ​មិន​ដឹង សំណាង​ហើយ​ខាង​កីឡាករ​ក្រុម​ហ្គាណា​រអិល​ជើង កុំ​អី​បើក​ឲ្យ​គេ​មួយ​គ្រាប់​ធូរ។

Costa

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា Jorge Mendes ជា​ភ្នាក់ងារ​កីឡាករ Costa ក៏​កំពុង​សិក្សា​រវាង​ភាគី​បណ្តា​ក្លឹប​ដែល​ចង់​បាន​អ្នកចាំទី​ខាង​លើ​ផង​ដេរ។ ភ្នាក់ងារ​ហាក់​ដាក់​តម្លៃ​ឲ្យ Porto គិតគូរ​រួចរាល់ គឺ ៧៥ លាន​អឺរ៉ូ ដែល​ភ្នាក់ងារ​កំពុង​ជជែក​ជាមួយ​បណ្តា​ក្លឹប​ដែល​ចង់​បាន​ធំៗ​នៅ​អឺរ៉ុប៕

ប្រភព៖ Relevo