Pep Guardiola ថា​បើ​ឈ្នះ​ពាន ៣ ហើយ គោលដៅ​បន្ទាប់​គឺ​ស៊ុត​ចូល​ទី​ក្លឹប Spurs ក្រៅ​ដី

អ្នកចាត់ការ​លោក Pep Guardiola បាន​ដាក់​គោលដៅ​បន្ទាប់​រួចរាល់​ហើយ ប្រសិន​ណា​អាច​សម្រេច​សមិទ្ធផល​ធំ​ខាង​មុខ​គឺ​ការ​ឈ្នះ​ពាន​រង្វាន់ ៣/រដូវកាល ជាមួយ​ក្លឹប​ Manchester City។ នោះ​គឺ​ការ​រក​បាន​គ្រាប់​បាល់​ទល់​ក្លឹប Spurs ក្នុង​ទឹកដី​របស់​ពួក​គេ​ផ្ទាល់​តែ​ម្តង។

ជា​ការ​ពិត​សព្វថ្ងៃ Guardiola បាន​ឈ្នះ Premier League នៅ​ឡើយ​ FA Cup និង Champions League សេសសល់​មួយ​ប្រកួត​រៀង​គ្នា តតាំង​យក​ឈ្នះ​ចាញ់​លើក​ពាន​តែ​ម្តង។ បន្ត​ទៅ​ជំហាន​បន្ទាប់ ស្រាប់​តែ​គ្រូ​សញ្ជាតិ​អេស្ប៉ាញ លើក​ឡើង​បែប​អស់​សំណើច៖ “ការ​ស៊ុត Spurs ​ក្រៅ​ដី​ពួក​យើង គឺ​ជា​រឿង​ដែល​ខ្ញុំ​ចង់​ធ្វើ​បន្ទាប់​ទៀត”។

លោក​បន្ត៖ “ខ្ញុំ​នឹង​បន្ត​នៅ​ទី​នេះ ខ្ញុំ​ចង់​យក​ឈ្នះ Spurs នៅ​ក្រៅ​ដី​ពួក​យើង​ឲ្យ​បាន”។ រំឭក​ដែរ​ថា ក្លឹប​ល្បី​ឈ្មោះ​នៅ​អង់គ្លេស​ City យក​ឈ្នះ​ក្លឹប​ដទៃៗ​ផ្សេង​បាន ដល់​តែ​ប៉ះ Spurs នៅ​ទឹកដី​ទីក្រុង​ឡុង បែរ​មិន​អាច​យក​ឈ្នះ​សោះ ដូច​រដូវ​កាល​នេះ ចាញ់ ១-០។

ជាក់ស្តែង​បើ​រាប់​ជា​រួម ចាប់​តាំង​ការ​មក​ដឹកនាំ​របស់​លោក Pep Guardiola ៤ រដូវ​កាល​ចុង​ក្រោយ គឺ​បរាជ័យ​ដូច​គ្នា ទល់ Spurs នៅ​ទឹកដី​របស់​ពួក​គេ រី​ឯ​ការ​ឈ្នះ​លើក​ចុង​ក្រោយ​គឺ​ឆ្នាំ ២០១៨ ឯ​ណោះ មាន​ន័យ​ថា City ចង់​ឈ្នះ Spurs ក្រៅ​ដី មិន​ជា​រឿង​ងាយ​ដូច​គិត៕

ប្រភព៖ SportBible