Lewandowski៖ “ពេល​អ្នក​គិត​ដល់ Barcelona គឺ​អ្នក​តែង​នឹក​ដល់​ឈ្មោះ Messi”

ខ្សែ​ប្រយុទ្ធ​ឈរ​ជើង​ឲ្យ​ក្លឹប​ម្ចាស់ដី Camp Nou គឺ Robert Lewandowski បាន​បង្ហើប​ក្នុង​បទសម្ភាសន៍​ជាមួយ Interia Sport កន្លង​ទៅ ​បន្ទាប់​ការ​ឈ្នះ​ពាន​រង្វាន់ La Liga ដោយ​ថា​ ក្លឹប​អេស្ប៉ាញ​ពិត​ជា​សម្លឹង​ការ​ចង់​បាន​តារា​ឆ្នើម​អាហ្សង់ទីន​ជា​ថ្មី ហើយ​ខ្លួន​លោក​ផ្ទាល់​ក៏​ពិត​ជា​ចង់​រួបរួម​គ្នា​ផង​ដែរ។

កីឡាករ​ប៉ូឡូញ​ជា​ការ​ពិត​នៅ​រដូវ​កាល​ដំបូង រាប់​ថា​សម្រេច​សមិទ្ធផល​ជា​ដុំកំភួន​ដ្បិត​បាន​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ La Liga ហើយ​ស្ថិតិ​ការ​រក​គ្រាប់​បាល់​របស់​គេ ក៏​រុញ​ដល់​ឈរ​តំណែង Top Scorer សព្វថ្ងៃ​មាន ២៣ គ្រាប់ នាំ​មុខ​ដាច់​កីឡាករ​ដទៃ​ទៀត។

អតីត​សមាជិក Bayern Munich ​លើក​ឡើង៖ “ពេល​អ្នក​គិត​ដល់ Barcelona គឺ​អ្នក​នឹង​នឹក​ដល់​ហៅ​ឈ្មោះ Messi ពេល​នឹក​ឈ្មោះ Messi ក៏​នឹង​នឹក​ដល់​ហៅ​ឈ្មោះ​ក្លឹប Barca ខ្ញុំ​យល់​ច្បាស់​អំពី​គុណ​តម្លៃ ដែល Leo នឹង​នាំ​មក​កាន់​ក្រុម​របស់​ពួក​យើង”។

លោក​បន្ត៖ “មិន​ត្រឹម​តែ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ក្លឹប​ទាំង​មូល​ផង​ដែរ ខ្ញុំ​តែង​ចូលចិត្ត​លេង​ជាមួយ​កីឡាករ​ដែល​យល់​ច្បាស់​អំពី​បាល់ ហើយ Messi គឺ​ស្ថិត​នៅ​កម្រិត​កំពូល តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក៏​គាត់​រាង​ផ្លាស់ប្តូរ​របៀប​លេង​បន្តិច​ដែរ អាច​ថា​គាត់​លើស​ពី​តំណែង​លេខ ១០ ចូល​មក​តំណែង​បម្រើ​ខ្លះ​ហើយ”៕
ប្រភព៖ BeSoccer