Man United សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ព័រទុយហ្គាល់ ជាមួយ​តម្លៃ​ផ្តាច់​កុងត្រា ១០០ លាន

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​រាយការណ៍ ថា​កំពុង​ត្រៀម​ខ្ទង់​ចំណាយ​ដល់​ ១០០ លាន​អឺរ៉ូ លើ​ការ​ផ្តាច់​កុងត្រា​នាំ​យក​អតីត​យុវជន​នៅ​ទ្រនំ​អង់គ្លេស Coventry គឺ Viktor Gyokeres ដែល​សព្វថ្ងៃ​បម្រើ​អាជីព​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Sporting CP ឯ​ណោះ។

កីឡាករ​វ័យ​ ២៥ ឆ្នាំ​លេង​តំណែង​ប្រយុទ្ធ​ប្រអប់ សញ្ជាតិ​ស៊ុយអែត កន្លង​មក​គេ​ត្រូវ​បាន​ក្លឹប Sporting ចាយ​លុយ​ត្រឹម ២១ លាន​អឺរ៉ូ​ប៉ុណ្ណោះ ដល់​ឥឡូវ​មាន​តម្លៃ​ផ្តាច់​កុងត្រា​កៀក​គុណ​ជា ៥ ប្រសិន​ខាង​ក្លឹប​ម្ចាស់ដី Old Trafford ចង់​បាន ដែល​វា​រាប់​ជា​តួ​លេខ​ចំណេញ​កប់​ពពក។

នៅ​រដូវ​កាល​នេះ ឃើញ​ថា​ទម្រង់​របស់ Gyokeres ឡើង​កូត​ខ្លាំង ត្រង់​ស្ថិតិ​បង្ហាញ​ខ្លួន​សរុប ៣២ ប្រកួត គេ​ក៏​អាច​រក​បាន​ដល់​ទៅ ២៩ គ្រាប់​និង Assist ១១ លើក។ នេះ​បើ​យក​គេ​មក​អង់គ្លេស តាម​ការ​ស្មាន​ជា​មុន ទំនង​នឹង​សហការ​បាន​ល្អ​ជាមួយ Rasmus Hojlund នៅ​ប្រអប់​ខាង​លើ។

បើ​តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ ​តម្លៃ​ផ្តាច់​កុងត្រា ១០០ ​លាន​អឺរ៉ូ សម្រាប់ United ជា​ភាគី​ចង់​បាន ពួក​គេ​ហាក់​ត្រៀម​លក្ខណៈ​រួចរាល់​អស់​ហើយ នេះ​រង់ចាំ​តែ​ដល់​ថ្ងៃ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ក្រោយ​បិទ​បញ្ចប់​រដូវ​កាល ២០២៣/២៤ បើក​ទ្វារ​ដំណើរការ​តែ​ប៉ុណ្ណោះ​ឯង។ ការ​យក​មក​នេះ អាច​ជា​នឹង​បំពេញ​វត្តមាន​ Anthony Martial/Jadon Sancho ជា​ដើម មាន​ដំណឹង​ល្ហៀងៗ​អាច​ចែក​ផ្លូវ៕

ប្រភព៖ Fichajes