Neymar សារភាពប្រាប់ PSG ថាមានតែក្លឹបមួយនេះប៉ុណ្ណោះ ដែលគេចង់ចូលរួមជាមួយ បើសិនត្រូវចាកចេញ

កីឡាករ Neymar បានរាយការណ៍ប្រាប់ក្លឹប Paris Saint-Germain ថាក្លឹប Barcelona គឺជាក្លឹបតែមួយគត់ដែលគាត់ចាប់អារម្មណ៍ចង់ចូលរួម បើទោះបីជាក្លឹប Real Madrid ចង់នាំយករូបគេទៅលេងនៅទឹកដី Bernabeu ក៏ដោយ ។

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលដែលបានចំណាយពេលពីររដូវកាលនៅទីក្រុងប៉ារីសរូបនេះ បានបង្ហាញពីភាពមិនសប្បាយចិត្តជាមួយនឹងក្លឹបនេះ ខណ:ដែលរូបនេះនៅតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរចេញមួយនៅរដូវក្តៅខាងមុខនេះ ។

គួរបញ្ជាក់ថាក្រុម R.Madrid បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេយ៉ាងខ្លាំងលើតារាឆ្នើមរូបនេះអស់រយ:ពេលជាយូរមកហើយ ប៉ុន្តែទោះជាយ៉ាងណាការអះអាងរបស់កីឡាករ Neymar កាលពីពេលថ្មីៗនេះ អាចនឹងធ្វើឲ្យពួកគេទទួលបានភាពខកចិត្ត ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍មួយពីអេស្ប៉ាញបានឲ្យដឹងថាលោក Florentino Perez ប្រធានក្លឹប Madrid និងជំនួយការគ្រូបង្វឹកលោក Jose Angel Sanchez បានខិតខំប្រឹងប្រែងបញ្ចុះបញ្ចូល Neymar ឱ្យផ្ទេរមកកាន់ទឹកដី Bernabeu ប៉ុន្តែខ្សែប្រយុទ្ធរូបនេះហាក់ចាប់អារម្មណ៍តែលើអតីត Barcelona របស់គេប៉ុណ្ណោះ ប្រសិនបើត្រូវចាកចេញពីក្រុម PSG ៕

ប្រភព: Daily Mail