លោក Felix និយាយអ្វីខ្លះ ក្រោយពីក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើទល់នឹងក្រុមហុងកុង?

ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមបញ្ចប់លទ្ធផល ១-១ ក្នុងការប្រកួតជម្រុះ World Cup Qatar 2022 & Asian Cup 2023 Qualifiers ជុំទី២ ទល់នឹងក្រុមជម្រើសជាតិហុងកុង កាលពីយប់ម៉ិញ នៅពហុកីឡដ្ឋានជាតិ។

វាជាការប្រកួតមួយដ៏ជក់ចិត្តសំរាប់អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា នៅពេលដែលបានឃើញកីឡាករ ប្រឹងប្រែងលេងជាមួយនឹង បច្ចេកទេសលេង និង ការសហការគ្នាបានយ៉ាងល្អ មិនអោយគូប្រកួតយកឈ្នះស្រួលៗដូចកាលពីកន្លងមកឡើយ។

ទោះយ៉ាងណាក្ដី គ្រូបង្គោលក្រុមកម្ពុជាលោក Felix G. Dalmas បានលើកឡើងថា ក្រុមរបស់លោកមិនសូវសប្បាយចិត្តសំរាប់លទ្ធផលដែលទទួលបានប៉ុន្មានទេ ប៉ុន្ដែ វាបានបង្ហាញភាពវិជ្ជមាន សំរាប់ក្រុមដែលរូបលោកបានបង្វឹកអស់រយៈពេល១ឆ្នាំកន្លងមកនេះ។

ក្រោយចប់ការប្រកួត លោក Felix បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “យើងមិនពេញចិត្តនឹងលទ្ធផលនេះទេ ប៉ុន្ដែយើងក៏មិនខកចិត្តដែរ។ យើងបានធ្វើការជាមួយកីឡាករបានមួយឆ្នាំហើយ ប៉ុន្ដែវាគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយនេះត្រឹមតែជាមូលដ្ឋានគ្រឹះដែលយើងចង់លេង។

“ប្រជាជនទាំងអស់គួរតែសប្បាយរីករាយ និង មានមោទនភាពនូវអ្វីដែលកីឡាកររបស់យើងបានប្រឹងប្រែងលេងលើទីលាន ដោយភាពក្លាហាន និង ឆន្ទៈក្នុងការប្រយុទ្ធ។”

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា