Emery ត្រូវបានជំរុញឲ្យដើរចេញពី Arsenal បើក្លឹបអនុញ្ញាតឲ្យកីឡាករខ្លួនរូបនេះ ចូលរួមជាមួយក្រុម Man Utd

អ្នកកាសែត Adrian Durham ជឿជាក់ថាគ្រូបង្វឹកលោក Unai Emery អាចនឹងចាកចេញពីក្រុម Arsenal ប្រសិនបើកីឡាករ Pierre-Emerick Aubameyang ត្រូវបានលក់ទៅឱ្យក្រុម Manchester United ។

ជាក់ស្តែងបើយោងតាមរបាយការណ៍ពី talkSPORT បានឲ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford នៅរយ:ពេលថ្មីៗចុងក្រោយនេះ ។

ហើយយ៉ាងណាមិញ Aubameyang ហាក់មិនបានធ្វើការបញ្ជាក់អ្វីច្រើននោះទេ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមទាំងឡាយ ដែលផ្សព្វផ្សាយអំពីអនាគតរបស់គេក្រុម Arsenal ។

តែទោះបីជាក្លឹបមិនបានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការស្តីពីបញ្ហានេះក៏ដោយក៏អ្នកគាំទ្រកាំភ្លើងធំអាចនឹងមានអារម្មណ៍ឈឺចាប់ជាខ្លាំងផងដែរ ដោយពួកគេភ័យខ្លាចថានឹងអាចបាត់បង់តារាឆ្នើមរូបនេះ ទៅឲ្យក្លឹបដ៏ទៃទៀត ។

លើសពីនេះលោក Durham បាននិយាយថា ៖ ” មានរឿងរ៉ាវជាច្រើនអំពីគាត់ (Aubameyang) ដែលត្រូវបានគេយកមកចុះផ្សាយជុំវិញអនាគតរបស់គាត់ ហើយលោក Emery គួរតែធ្វើអ្វីខ្លះសម្រាប់រឿងទាំងនេះ ” ។

លោកបន្តទៀតថា ៖ ” Aubameyang គឺជាអ្នកដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់ទាំងអស់នោះសម្រាប់ក្រុម Arsenal ហើយគេក៏ស្ថិតនៅចំណុចមួយដ៏អស្ចារ្យសម្រាប់ក្រុម Arsenal កាលពីរដូវកាលមុនផងដែរ តែបើសិនជាគេផ្លាស់ទៅលេងនៅក្រុម Man United នោះវានឹងធ្វើឲ្យអ្នកគាំទ្រក្រុម Arsenal ឈឺចិត្តខ្លាំងណាស់ ហើយពួកគេនឹងចាប់ផ្តើមបន្ទោសលើគ្រូបង្វឹក ហើយលោក Emery គួរតែចាកចេញ ” ៕

ប្រភព: Talksports