អតីតតារាឆ្នើម R.Madrid ម្នាក់ អាចនឹងកាត់បន្ថយប្រាក់ឈ្នួលដ៏ច្រើន ដើម្បីផ្ទេរមកលេងឱ្យ Barca

ក្លិប​​ Barcelona បាន​កំណត់​យក​អតីត​តារា​ឆ្នើម​របស់​ក្រុម​ Real Madrid មួយ​រូប​ ជា​គោល​ដៅ​ផ្ទេរ​ចម្បង​របស់​ខ្លួន​ នៅ​ពេល​ដែល​ក្លិប​កាតាឡាន់​ កំពុង​ស្វែង​រក​អ្នក​មក​ជំនួស​តំណែង​របស់​ខ្សែប្រយុទ្ធ​ Ousmane Dembele ដែល​អាច​នឹង​ចាក​ចេញ​ នៅ​រដូវ​ក្តៅ​នេះ​ ។ 

ជាក់ស្តែង នៅមួយរយ:ពេលចុងក្រោយនេះ កីឡាករ Angel Di Maria ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការត្រលប់ទៅក្របខ័ណ្ឌ La Liga វិញ ហើយការផ្ទេរនេះ អាចនឹងធ្វើឱ្យគេកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីទៅលេងឱ្យក្រុម Barca នៅរដូវកាលក្រោយ ។

មិនតែប៉ុណ្ណោះ កិច្ចសន្យារបស់ Di Maria ជាមួយ Paris Saint-Germain នឹងត្រូវផុតសុពលភាព នៅត្រឹមចុងមិថុនានេះហើយ ខណ:វាត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន នៅទីផ្សាររដូវក្តៅនេះ ។

គួរឱ្យដឹងថា Di Maria អាចរកបានប្រហែល ១៣ លានអឺរ៉ូក្នុងមួយឆ្នាំ ក្រោមកិច្ចសន្យាជាមួយក្លិប PSG ប៉ុន្តែ Barcelona អាចផ្តល់ឱ្យអតីតតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ មិនលើសពី ២ លានអឺរ៉ូក្នុងមួយឆ្នាំនោះឡើយ ប្រសិនបើគេយល់ព្រមផ្ទេរមកនោះ ៕

ប្រភព: Sportskeeda